Tuesday, May 1, 2018

កម្រ​មាន​នៅ​ក្នុង​សិល្បៈខ្មែរ បង​ប្អូន​ទាំង​៣ មាន​សមត្ថភាព​ក្រសោប​ទស្សនិកជន​ផ្សេង​ៗ​គ្នា

ទើប​តែ​ប្រមាណ​១​ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ ដែល​ប្រិយមិត្ត​ចាប់​ផ្ដើម​ដឹង​ថា តារា​ចម្រៀង​វ័យ​ក្មេង​២​ដួង គឺ​ដួង វីរៈសិទ្ធ(ម៉ម វាសនា) ម៉ម ពេជ្ជរិទ្ធ និង​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​អន្តរជាតិ​ទូរទស្សន៍​បាយ័ន ម៉ម សំនៀង ជា​បង​ប្អូន​បង្កើត​នឹង​គ្នា។ ពួកគេ​ទាំង​៣ តាំង​ផ្ដើម​កញ្ឆក់​យក​ការ​គាំទ្រ​ពី​ទស្សនិកជន​នៅ​រយៈ​កាល​ចុង​ក្រោយ តាម​សមត្ថភាព​ទម្រង់​សិល្បៈ​មាន​រសជាតិ​ផ្សេង​ៗ​គ្នា​។
 ១.ម៉ម សំនៀង៖ ផ្ដើម​ពី​អាជីព​ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​អន្តរជាតិ​នៅ​ទូរទស្សន៍​បាយ័ន សំនៀង ក៏​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ភ្លាម​ៗ​នៅ​ចុង​ឆ្នាំ ២០១៧ ក្រោយ​បាន​ចូល​ប្រឡង​ក្នុង​កម្មវិធី "សំនៀង​ឯក" បង្កើត​ឡើង​ដោយ​ទូរទស្សន៍​បាយ័ន​តែ​ម្ដង។ សំនៀង មាន​ទឹក​ដម​សំនៀង​ផ្អែម ស្រទន់ ហើយ​បើ​ទោះ​មិន​បាន​ទទួល​ជយលាភី លោក​ក៏​បាន​ឈាន​ដល់​វគ្គ​ចុង​ក្រោយ​នៃ​កម្មវិធី​ដែរ។
រូបថត៖ហ្វេសប៊ុក​ សំនៀង

តាម​រយៈ​នេះ បច្ចុប្បន្ន​លោក​ក៏​បាន​វិវត្ត​ខ្លួន​មក​ជា​តារា​ចម្រៀង​មួយ​ទៀត​បន្ថែម​ពី​អាជីព​ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន។ ទម្រង់​សិល្បៈ ផ្ទាល់​ខ្លួន​លោក គឺ​ចម្រៀង​ប្រជាប្រិយ ឬ​ចម្រៀង​មរតក​ដើម។

២.ម៉ម វាសនា ឬ​ដួង វីរៈសិទ្ធ៖ ជា​អតីត​តារា​ចម្រៀង​ផលិតកម្ម​មហាហង្ស ដែល​ធ្លាប់​បាន​សាង​កេរ្តិ៍​ឈ្មោះ​តាម​រយៈ​បទ "លេខគេ ៤៤៤៤"។ ក្រោយ​មក​លោក​ក៏​បាន​មក​ចូល​រួម​ជាមួយ​ហង្សមាស និង​ចាប់​ផ្ដើម​មាន​ប្រជាប្រិយភាព​ខ្លាំង ក្រោយ​ឈ្នះ​ជយលាភី​លេខ​១​ក្នុង​កម្មវិធី "I am Singer Cambodia”កាល​ពី​ឆ្នាំ ២០១៦។ ទម្រង់​សិល្បៈ​ផ្ទាល់​ខ្លួន​របស់ វីរៈសិទ្ធ គឺ​យុវវ័យ​ផង និង​មរតក​ដើម​ផង។

៣.ម៉ម ពេជ្ជរិទ្ធ៖ ប្អូន​ពៅ​រូប​នេះ គឺ​ខុស​គ្នា​ដាច់​ពី​បង​ប្រុស​ទាំង​ពីរ គឺ​លោក មាន​បែប​ផែន​សិល្បៈ​បែប​យុវវ័យ​ដាច់​តែ​ម្ដង។ ប៉ុន្តែ​យ៉ាង​ណា នៅ​ក្នុង​នោះ គឺ​មាន​បង្កប់​សិល្បៈ​បែប​ខ្មែរ។ នេះ​បើ​តាម​ការ​អះអាង​របស់ បង​ប្រុស​ធំ ម៉ម សំនៀង។ ពេជ្ជរិទ្ធ មាន​ឈ្មោះ​ល្បី​ក្នុង​នាម​ជា​អ្នក​និពន្ធ Original Song ជាមួយ​ក្រុម​SmallWorldSmallBand។ ក្រៅ​ពី​នេះ លោក​ក៏​មាន​បទ​ផ្ទាល់​ខ្លួន​ដែរ ដូច​ជា "ចង់​ក្បែរ" “ពុក" និង​បទ "បើ​អាច" ជា​ដើម។
ទម្រង់​សិល្បៈ ខុស​ប្លែក​គ្នា​ទាំង​៣​បែប​នេះ លោក ម៉ម សំនៀង ថ្លែង​ថា "វា​ជា​ទេពកោសល្យ​ពី​ធម្មជាតិ និង​ការ​ស្រឡាញ់​មក​អីចឹង គឺ​ពួក​យើង​ទាំង​៣ មក​ជាមួយ​ទេពកោសល្យ​ផ្សេង​គ្នា​អីចឹង​តែ​ម្ដង"។ យ៉ាង​ណា ពួក​គេ​មាន​ចំណុច​មួយ​រួម​គ្នា គឺ​សុទ្ធ​តែ​អាច​ច្រៀង និង​និពន្ធ​ដោយ​ខ្លួន​ឯង​បាន។ បើ​ទោះ​ទើប​ឈាន​ជើង​ចូល​សិល្បៈ​ចម្រៀង​ក្រោយ​ប្អូន​ៗ​ទាំង​ពីរ ប៉ុន្តែ ម៉ម សំនៀង ចាប់​ផ្ដើម​មាន​ការងារ​មមាញឹក ក្នុង​នាម​ជា​តារា​ចម្រៀង​ក្នុង​ក្រុម Dara Entertainment របស់​លោក យ៉ែម សំអូន៕
អត្ថបទ៖ ទារិកា

ប្រភព៖http://news.sabay.com.kh/article/1042767#utm_campaign=onpage

No comments:

Post a Comment