Tuesday, May 1, 2018

​គំនូរ​មួយ​ផ្ទំាងមានរូបមេ​ដឹក​នាំ​កម្ពុជា​សម្ដេច​តេជោ​បង្កប់​អត្ថន័យ​យ៉ាង​ជ្រៅក្នុង​សង្គម​កម្ពុជាបច្ចុប្បន្ន​

ស្នាដៃ​សិល្បៈគំនូរ​សហសម័យ​​របស់​សិល្បករ​ខ្មែរ​ល្បី​ជុំ​វិញ​ពិភពលោក លោក លាង ស៊ីកន ត្រូវ​បាន​​ដាក់​តាំង​បង្ហាញ​ទោល​ជា​លើក​ដំបូង​នៅ​កម្ពុជា​ក្រោយ​អាក់ខាន​តាំងបង្ហាញ​ជិត​មួយ​ទសវត្ស​។ សម្ភារៈ​ដំឡើង​ និង​ផលិត​រូប​ផ្ទាំង​រូបភាព​ បន្ទប់​ស្នាក់​នៅ​របស់​សិល្បករ ​លាង ស៊ីកន និង​ផ្ទាំង​គំនូរ​តូច​ធំ​ ១៨​ផ្ទាំង ​ត្រូវ​បាន​យក​មក​តាំង​បង្ហាញ​ចូល​មើល​សេរី​នៅ​វិចិត្រសាល​វិទ្យាស្ថាន​ភាសា​បារាំង​រយៈ​ពេល​មួយ​ខែ​ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​២៧​ មេសា​ ឆ្នាំ២០១៨​។ ក្នុង​ស្នាដៃ​ទាំង​១៨​ផ្ទាំងរបស់លោក​ លាង ស៊ីកន ​មាន​គំនូរ​មួយ​ផ្ទាំង​ដែល​បង្ហាញ​ពី​សម័យ​កាល២​រួម​បញ្ចូល​គ្នា។ ក្នុង​ផ្ទាំង​គំនូរ​មាន​រំលេចរូប​ប្រមុខ​ដឹក​នាំ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ​ ហ៊ុន ​សែន ពាក់អាវ​ធំ​ក្រវាត់ក ពាក់​វ៉ែនតា មានមេក្រូនៅពីមុខ​ និង​ខាង​ឆ្វេង​មាន​រូប​អវតារ​ឆ្លាក់​ចេញ​ពី​ស្បែក​​មាន​ពាក់​គ្រឿង​អលង្ការ​សម័យ​អង្គរ​​​ដែលមានរូបរាងដូចគ្រឿងអលង្ការដែល​កម្ពុជាទើបទទួលបានពីអង់គ្លេសកាលពីថ្មីៗកន្លងទៅ ដងខ្លួន​មាន​ដាប់​សញ្ញា​ wifi ​ ហើយ​នៅ​​ផ្នែក​ខាង​ក្រោយ​មាន​រូប​អគារ​ខ្ពស់​ៗ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​កម្ពុជា ដែល​បង្ហាញ​ពី​ការ​អភិវឌ្ឍ​នា​សម័យ​បច្ចុប្បន្ន​​​​។

ផ្ទាំងគំនូរ " ចំណង​ស្ពាន​ព្រះ​គន្លង​អវតារ​wifi " របស់លោក លាង ស៊ីកន

បើ​តាម​សិល្បករ​សហសម័យ​ លោក​ លាង​ ស៊ីកន​ បាន​បញ្ជាក់​ថា​​រូប​គំនូរ​មួយ​​ផ្ទាំង​នេះ​​មាន​បង្កប់​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ​រូប​នេះ​មាន​ឈ្មោះ​ថា​ " ចំណង​ស្ពាន​ព្រះ​គន្លង​អវតារ​wifi " រូប​នេះ​បង្ហាញ​ពី​សម័យ​កាល​២​រួម​បញ្ចូល​គ្នា​ ១គឺសម័យ​កាល​មនុស្ស​ដែល​ជឿ​លើ​​អាទិទេព មាន​ព្រះ​ពុទ្ធ​ និង​ព្រហ្មញ្ញសាសនា​ដោយ​មនុស្ស​យក​ទស្សនៈ​របស់​អាទិទេព​មក​គោរព​ និង​អនុវត្ត​តាម​​ ២គឺ​សម័យ​បច្ចុប្បន្ន​គឺ​ជា​សម័យ​បច្ចេកវិទ្យា​ដែល​មនុស្ស​ទាំង​អស់​មិន​ថា​ប្រជាពលរដ្ឋ​ធម្មតា ឬ​មេ​ដឹក​នាំ​ ​សិក្សា​ស្រាវជ្រាវ​ ​ស្វែង​យល់​ ទំនាក់​ទំនង​គ្នា​តាម​បែប​វិទ្យាសាស្ត្រ​ (ប្រើ​wifi)។ បើ​និយាយ​ជា​រួម​រូប​មួយ​ផ្ទាំង​នេះ​បង្ហាញ​ពី​ វប្បធម៌ សន្តិភាព ការ​អភិវឌ្ឍ ការ​គោរព​អនុវត្តន៍រ​ប​ស់ប្រទេស ពីរ​​សម័យ​កាល​ផ្សេង​គ្នា។​​​​​ ក្រៅ​ពី​រូប​ធំ​ៗ​សម្ដេច​តេជោ​ និង​ព្រះ​អាទិទេព នៅ​ផ្នែក​ខាង​លើ​នៃ​រូប​មាន​រូប​ទេពធីតា​បាចផ្កាមាន​ព្រះភក្ត្រ​ដូច​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផង​ដែរ។



សិល្បករ​ល្បី​នៅ​ឆាក​អន្តរជាតិ​រូប​នេះ​បន្ត​ថា​ រូប​មួយផ្ទាំងនេះ​មាន​អត្ថន័យជ្រាលជ្រៅទាក់ទងនឹងសង្គមខ្មែរបច្ចុប្បន្ន។ "ស្នាដៃសិល្ប:មួយមានអត្ថន័យច្រើនទៅតាមមនុស្សយល់រៀងខ្លួន។ សម្រាប់សិល្បករដែលផលិតចេញស្នាដៃទាំងនោះមក​គឺចង់បង្ហាញពីអ្វីដែលខ្លួនយល់ឃើញនៅក្នុងសង្គមដែលខ្លួនរស់នៅ ទាក់ទងទៅនឹងសង្គម វប្បធម៌ សន្តិភាព សេដ្ឋកិច្ច និងការ​អភិវឌ្ឍរបស់ប្រទេសឲ្យស្តែងចេញលើស្នាដៃសិល្បៈរបស់ខ្លួន ដើម្បីបង្ហាញទៅជនរួមជាតិ និងបរទេស"។




ស្នាដៃ​គំនូរ​ដែល​រចនា​ចេញ​ពី​ស្បែក​គោ​ សំពត់ និង​កំណាត់​មួយ​ផ្ទាំង​នេះ​គឺ​ជា​ស្នា​ដៃ​ថ្មី​មួយ​ក្នុង​ស្នាដៃ​សិល្បៈ​ដទៃ​ដែល​បាន​ដាក់​តាំង​នៅ​វិទ្យាស្ថាន​ភាសា​បារាំង។ ស្នាដៃ​នេះ​ផលិត​ក្នុង​ឆ្នាំ​២០១៨ ដោយ​ប្រើ​ពេល​អស់​រយៈ​ពេល​មួយ​ខែ។ លោក លាង​ ស៊ីកន​ ជា​សិល្បករ​សហសម័យ​ដែល​មាន​ស្នាដៃ​សិល្បៈ​ជា​ច្រើន។ ស្នាដៃ​របស់​សិល្បករ​រូប​នេះ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ច្រើន​ជាង​២០​ប្រទេស​ជុំ​វិញ​ពិភពលោក​ ដោយ​ក្នុង​នោះ​មាន​ប្រទេស​ធំ​ៗ​ដូចជា​ បារាំង អង់គ្លេស អាល្លឺម៉ង់ សហរដ្ឋអាមេរិក​ អូស្ត្រាលី សឹង្ហបុរី ហុងកុង និង​ប្រទេស​ចិន៕​​​​ អត្ថបទ៖ លន ហ្សាឌីណា

No comments:

Post a Comment