Tuesday, May 1, 2018

៤យ៉ាងជំរុញឲ្យ ខេមរៈ សិរីមន្ត ទម្លាយ​រឿង​មាន​ភរិយា និង​កូន

ជា​រឿង​មួយ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​សម្រាប់​ទស្សនិកជន ជា​ពិសេស​អ្នក​គាំទ្រ​លោក ខេមរៈ សិរីមន្ត ព្រោះ​នៅ​សុខៗ តារា​ល្បី​ឈ្មោះ​រូប​នេះ បាន​ប្រកាស​ថា​ខ្លួន​មាន​ប្រពន្ធ និង​កូន ៣​ហើយ​មក​ទល់​នឹង​ពេល​នេះ។ ទាំង​នេះ​ខុស​ស្រឡះ​ពី​ពេល​កន្លង​ទៅ លោក​មិន​ដែល​ទទួល​ស្គាល់​ថា មាន​ប្រពន្ធ និង​កូន​បែប​នេះ​ឡើយ។



តារា​ចម្រៀង ខេមរៈ សិរីមន្ត បាន​សរសេរ​លើ​បណ្ដាញ​សង្គម Facebook ផ្លូវការ​របស់​ខ្លួន​ថា លោក​បាន​រៀបការ​តាំង​ពី​ឆ្នាំ២០០៩ មក​ម្ល៉េះ ហើយ​មក​ទល់​នឹង​ពេល​នេះ​លោក​មាន​កូន ៣នាក់​ហើយ។ ទាំង​នេះ​ខុស​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ដោយ​សារ​ព័ត៌មាន និង​អ្នក​គាំទ្រ​របស់​លោក ដឹង​ថា លោក​មាន​កូន​តែ​ពីរ​នាក់​ប៉ុណ្ណោះ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ដែល​មាន​ឈ្មោះ​ថា ស្នេហ៍ និង​ឈ្មោះ ស្រ្តី។ ក៏​ប៉ុន្តែ​តារា​ចម្រៀង​រូប​នេះ អាច​នឹង​មាន​កូន​ម្នាក់​ទៀត ទើប​លោក​ប្រកាស​ថា មាន​កូន ៣​នាក់​ដូច្នេះ។ យ៉ាង​ណា​ក៏​ដោយ​មាន​ហេតុផលសំខាន់ៗ ៤​យ៉ាង​អាច​ឱ្យ​តារា​ល្បី​ឈ្មោះ​របស់​ផលិតកម្ម រស្មី​​ហង្សមាស​រូប​នេះ ព្រម​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​មាន​ភរិយា និង​កូន ៣នាក់​បែប​នេះ។
ហេតុផល​ទី១ ទទួល​ស្គាល់​មាន ភរិយា និង​កូន ដើម្បី​បញ្ចប់​ការ​ឆ្គឹះ​ឆ្គៀល​ត​ទៅ​ទៀត​ពី​សំណាក់​អ្នក​ព័ត៌មាន។ បណ្ដា​សារព័ត៌មាន​នានា តែង​សរសេរ​វាយ​ប្រហារ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ចំពោះ​ការ​​លាក់​បាំង មាន​ភរិយា និង​កូន ពី​សំណាក់​លោក ខេមរៈ សិរីមន្ត ដូច្នេះ​ការ​ទទួល​ស្គាល់​នេះ អាច​កាត់​បន្ថយ មិន​សូវ​មាន​ព័ត៌មាន​លេច​ឮ​ត​ទៅ​ទៀត ចៀស​វាង​ការ​ឈឺ​ក្បាល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។
ហេតុផល​ទី​២ មើល​ឃើញ​គន្លង​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ និង​លោក ឆាយ វីរៈយុទ្ធ។ មាន​តារា​ខ្មែរ​ជា​ច្រើន​រូប​មិន​ថា​តែ ខេមរៈ សិរីមន្ត ទេ ដែល​តែង​លាក់​បាំង​រឿង​មាន​កូន និង​ភរិយា ព្រោះ​តែ​ពួក​គេ​ភាគ​ច្រើន​យល់​ថា ការ​ប្រកាស​មាន​ភរិយា និង​កូន អាច​ធ្វើ​ឱ្យ​ប្រជា​ប្រិយភាព​របស់​ពួក​គេ​ធ្លាក់​ចុះ។ ក៏​ប៉ុន្តែ​ការ​មើល​ឃើញ​កន្លង​លោក ព្រាប សុវត្ថិ នៅ​តែ​ល្បី​ល្បាញ ក្រោយ​ពី​លោក​មិន​លាក់​បាំង​ព័ត៌មាន​ពី​ការ​មាន​ប្រពន្ធ និង​កូន និង​ថ្មីៗ​នេះ តារា​ចម្រៀង​លោក ឆាយ វីរៈយុទ្ធ បាន​រៀប​អាពាហ៍​ពិពាហ៍​ជា​សាធារណៈ ហើយ​កេរ្តិ៍​ឈ្មោះ​តារា​ទាំងពីរ​ដួង​នេះ​នៅ​តែ​ល្បី​ល្បាញ ទទួល​ការ​​គាំទ្រ​ពី​ទស្សនិក​ជន។ ការ​មើល​ឃើញ​បែប​នេះ​ហើយ​ធ្វើ​ឱ្យ​លោក​សម្រេច​ចិត្ត​ទទួល​ស្គាល់​ថា​ខ្លួន​មាន​ប្រពន្ធ និង​កូន​ដែរ ហើយ​គិត​ថា​កេរ្តិ៍​ឈ្មោះ​ខ្លួន​នៅ​តែ​ល្បី​ល្បាញ។



ហេតុ​ផល​ទី៣ មាន​ការ​ឱ្យ​យោបល់​ពី​មនុស្ស​សំខាន់​ណា​ម្នាក់ ដើម្បី​បើក​ផ្លូវ​ភរិយា និង​គ្រួសារ ពេញ​មុខ​ពេញ​មាត់​ក្នុង​សង្គម។ រយៈ​ពេល​ជិត ១០ឆ្នាំ​មក​ហើយ ដែល​តារា​ល្បី​ឈ្មោះ​រូប​នេះ លាក់​បាំង​ការ​រៀប​អាពាហ៍​ពិពាហ៍​របស់​ខ្លួន រហូត​ដល់​សារព័ត៌មាន​ខ្លះ​ចុះ​ផ្សាយ​ថា នារី​ម្នាក់​ដែល​តែង​តែ​ទៅ​ណា​មក​ណា​ស្និទ្ធ​ជាមួយ​លោក ជាពិសេស​តាម​កម្មវិធី​ប្រគំ​តន្ត្រី​នានា គឺ​ជា​ភរិយា តែ​លោក​តែង​បដិសេធ។ ដូច្នេះ​ការ​ឱ្យ​យោបល់​ពី​មនុស្ស​សំខាន់​ណា​ម្នាក់ ដើម្បី​ឱ្យ​នាង​ទៅ​ណា​មក​ណា​ពេញ​មុខ គឺ​ជា​ការ​លើក​កម្ពស់ និង​ផ្ដល់​តម្លៃ​ដល់​ភរិយា បាន​លាក់​បាំង​យូរ​មក​ហើយ។
ហេតុផល​ទី​៤ ខ្លាច​ព័ត៌មាន​នៃ​ការ​មាន​ភរិយា និង​កូន កាន់​តែ​ផ្ទុះ​ខ្លាំង​អាច​នឹង​មាន​បញ្ហា​កាន់​តែ​ជ្រៅ​ថែម​ទៀត ដូច្នេះ​ហើយ​ទើប​ប្រកាស​ទទួល​ស្គាល់​តែ​ម្ដង​ដើម្បី​ឱ្យ​អស់​ចម្ងល់។ មួយ​រយៈ​ចុង​ក្រោយ​បណ្ដា​សារ​ព័ត៌មាន​នានា បាន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​ពី​រឿង​លាក់បាំង​ព័ត៌មាន ភរិយា និង​កូន​របស់​តារា​ល្បី​ឈ្មោះ​លោក ខេមរៈ សិរីមន្ត រហូត​មាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចុះ​ថា លោក​គម្រាម​ប្ដឹង អ្នក​ទម្លាយ​រូប​ភាព​ប្រពន្ធ និង​កូន​នោះ​ថែមទៀត។ ចៀស​វាង ព័ត៌មាន​បែក​ធ្លាយ​ខ្លាំង និង​គ្មាន​ប្រយោជន៍ លោកប្រកាសទទួលស្គាល់ការពិតតែម្តែងទៅ។
ពាក់​ព័ន្ធ​ការ​ទម្លាយ​រឿងរ៉ាវផ្ទាល់​ខ្លួន​ដែលខំទាក់ទុកជាយូរឆ្នាំនេះ តារា​ចម្រៀង​ល្បី​ឈ្មោះ​លោក ខេមរៈ សិរីមន្ត មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​បាន​ទេ​នា​ពេល​នេះ។ យ៉ាង​ណា​ការ​លើក​ឡើង​នេះ គឺ​ជា​ទំនួល​ខុស​ត្រូវ​មួយ​ដ៏​ល្អ ក្នុង​នាម​ជា​ឪពុក និង​ប្ដី​ដ៏ល្អ ព្រម​ទាំង​គំរូ​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន ក្នុង​នាម​ជា​តារា​ឈាន​មុខ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា។ លោក ខេរៈ សរីមន្ត បាន​ចាក​ចេញ​ពី​ផលិតកម្ម សាន់ដេ ទៅ​កាន់​ផលិតកម្ម រស្មី​ហង្សមាស កាល​ពី​ពេល​ថ្មីៗ។ ប្រជាប្រិយភាព​របស់​លោក​នៅ​តែ​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន​ដដែល ព្រោះ​តែ​បទ​ចម្រៀង​របស់​លោក​ជា​ច្រើន​បទ​ក្នុង​ផលិតកម្ម រស្មីហង្ស ជា​ទី​ពេញ​និយម​សម្រាប់​ទស្សនិកជន៕

ប្រភព៖ http://news.sabay.com.kh/article/1042680#utm_campaign=onpage

No comments:

Post a Comment